vendredi 3 avril 2009

រជ្ជកាលសីហនុ

០១.ទសវត្សសែមួយ.........បារាំងលើកស្ទួយ........ស្ដេចមួយព្រះអង្គ
នាមសីហនុ.................សីលុទៀតផង...........ឱយឡើងគ្រប់គ្រង
.........................រាជ្យបល្ល័ង្កខ្មែរ។
០២.សីហដាក់រាជ្យ..........ថ្វាយបីតាសោយរាជ្យ.....មិនខ្លាចបាបទេ
ទ្រង់លោភអំណាច..........កោងកាចខុសគេ...........នាំទុក្ខធ្ងន់ទ្វេ
........................ជូនខ្មែរគ្រប់គ្នា។
០៣.ក្រោយពីដាក់រាជ្យ.....ស្ដេចក្ដោបអំណាច..........នាំរាជរដ្ឋា-
ភិបាលកម្ពុជា.............ពេលនោះខេមរា.............មានតែប្រេះឆា
........................ចលាចលរាល់ថ្ងៃ។
០៤.បញ្ញវន្តនិស្សិត......ដែលប្រើគំនិត្យ.............ទារសិទ្ធិសេរី
ត្រូវជាប់ទោសក្បត់.........ភ័យរត់ចូលព្រៃ...............ធ្វើខ្មែរសេរី
........................ឬខ្មែរក្រហម។
០៥.នៅភ្នំម៉ាលៃ........ខ្មែរតស៊ូក្នុងព្រៃ..............សេរីនិយម
គឺខ្មែរឥស្សរៈ............ធ្វើអព្យាគម.........ក្រោមការឧបត្ថម
.......................មេធំអាគាំង។
០៦.ពួកខ្មែរក្រហម........បានរៀនក្រិតក្រម............អាគមចម្បាំង
ពីពួកយួនវេ...............ឱយគេតតាំង................ដេញពួកបារាំង
.......................ប្រឆាំងស្ដេចដែរ។
០៧.ស្ដេចនិងមេហសី......នាំគ្នាព្រួតដៃ................ជួយជ្រៃយួនវេ
ឱយតាំងមូលដ្ឋាន.........គ្រប់ឋានទេសខ្មែរ............តើត្រឹមត្រូវទេ!
.......................សូមខ្មែរគិតរ៉ា។
០៨.ស្ដេចព្រមតុកល៉ុង......ឱយពួកវៀតកុង...........នៅក្នុងខេមរា
ជាង៦មឺុននាក់.............សត្យអស្ចារ្យ.........ហើយស្ដេចអួតថា
.......................អព្យាក្រិតពិត។
០៩.វៀតកុងច្រើនក្រៃ......ជ្រកក្នុងបុរី.................ទឹកដីខ្មែរពិត
ពួកវាជិះជាន់.............ទារពន្ធជំរិត...............ពីខ្មែរមែនពិត!
......................នេះមិត្តស្ដេចខ្មែរ។
១០.ដោះស្រាយមិនចេញ...សីហទោរម្នេញ.......គេចចេញស្រុកខ្មែរ
ទៅដល់បារាំង...........តាំងស្រែកប្រាប់គេ..........មកព្យាបាលទេ
......................សូមខ្មែរជ្រាបផង។
១១.ពេលនោះរាស្ត្រខ្មែរ..និស្សិតផងដែរ............បានហែអឺងកង
សុំឱយពួកយួន............លាក់ខ្លួនទាំងហ្វូង........ចេញក្រៅរបង
.......................ព្រំដែនកម្ពុជា។
១២.តែផ្ទុយទៅវិញ.......សីហបញ្ចេញ..........ខាំធ្មេញហិង្សា
ថារាស្ត្រមាក់ងាយ.........ចៅហ្វាយយួនភ្ងា.......ស្ដេចជេរប្រជា
.......................ជាពួកក្បត់ជាតិ។
១៣.ពេលនោះខេមរា......ឥតមានមេបា........ចលាចលព្រោងព្រាត
ស្ដេចនៅបារាំង.........តាំងខ្លួនអាពាធ....តាមពិតភ្លាត់ស្នៀត
......................ត្រូវវៀតកុងបោក។
១៤.ចងចាំខេមរា.........ដប់ប្រាំបីមិនា(១៩៧០).ព្រឹត្តិការណ៍ក្នុងលោក
សាធារណរដ្ឋខ្មែរ.......លេចធ្លែរកើតមក......សង្គ្រាមទុក្ខសោក
......................ចូលជ្រកដីខ្មែរ។
១៥.សង្គ្រាមផ្ទុះឡើង...ទ័ពយួនខាងជើង.........ចេញឡើងច្រើនទ្វេ
បានបាញ់សម្លាប់........កងទ័ពជាតិខ្មែរ........ចាប់ជាឈ្លើយដែរ
......................សូមខ្មែរជ្រាបណា៎។
១៦.សីហយល់ព្រម........នឹងខ្មែរក្រហម.............រួបរួមចូលគ្នា
បង្កើត«រណសិរ្ស........រួបរួមជាតិកម្ពុជា».......ហើយនិង«រាជរដ្ឋា
......................ភិបាល..ជាតិកម្ពុជា»។
១៧.ឆ្នាំមួយពាន់ប្រាំ-.....បួនរយចិតសិបប្រាំ..........ដប់ប្រាំពីរមេសា
បក្សស្ដេច«រណសិរ្ស....រួបរួមជាតិកម្ពុជា».......ឈ្នះបក្សសាធា-
......................រណៈរដ្ឋខ្មែរ។
១៨.បក្សស្ដេចជោគជ័យ.នាំគ្នាប្រលៃ..........មន្ត្រីសាសន៍ខ្មែរ
រួចហើយជន្លៀស.......ឱយរាស្ត្រគ្នាន់គ្នេរ.......ចេញពីផ្ទះគេ
......................ក្រាញរេត្រូវក្ស័យ។
១៩.ពលរដ្ឋខ្មែរបាន.....ចាកគេហដ្ឋាន.........តែប្រាណគ្មានអ្វី
មានចាស់ជរា............ពិការជើងដៃ...........ក្មេងចាស់ប្រុសស្រី
......................ចូលព្រៃគ្រប់គ្នា។
២០.រាស្ត្រចាកចេញផ្ទះ...ឥតហ៊ានមានះ.............ប្រទះទុក្ខា
គ្មានម្ហូបចំណី.........គ្មានអ្វីភោក្ដា..........បែរមានរោគា
.....................តាមព្យាបាទទៀត។
២១.ខ្មែរពីរលាននាក់.....ទទួលមរណៈ.............អ្នកណា៎ពិឃាត
បក្សស្ដេច«រណៈ.......សិរ្សរូបរួមជាតិ.........កម្ពុជា»ខ្មីឃ្មាត
.....................ពិឃាតរាស្ត្រខ្មែរ។
២២.ថ្ងៃទីពីរមេសា......សីហបានលា.............ចាកងារខ្ពស់ទ្វេ
ឱយសំផនឡើង.........ជំនួសស្ដេចខ្មែរ.......ងារ«ប្រមុខរដ្ឋខ្មែរ»
....................ជ្រាបទេខេមរា។
២៣.សំផន-ប៉ុលពត......អ្នកកាច់ចង្កូត........ដកហូតប្រហារ
ហើយចោទពលរដ្ឋ.....ពួកក្បត់អង្គការ.......ជា C.I.A.
....................វ៉ៃណា៎កំទេច។
២៤.បីឆ្នាំប្រាំបី-........ខែនិងម្ភៃថ្ងៃ...........ទុក្ខភ័យជានិច្ច
ផ្ទះគ្មានមនុស្សនៅ...ផ្លូវគ្មានអ្នកត្រាច់...ស្នាដៃបក្សស្ដេច
.....................កុំភ្លេចខេមរា។
២៥.ឆ្នាំមួយពាន់ប្រាំបួន-..រយចិតប្រាំបួន...........យួនលេបកម្ពុជា
ត្រូវនឹងថ្ងៃទី............ប្រាំពីរមករា..............សូមជ្រាបខេមរា
.....................ចារជាប្រវត្តិសាស្ត្រ។
២៦.ទ័ពយួនពូនពាក់......១៧ម៉ឺននាក់.............ពិទ័គ្ទជាក់ច្បាស់
ដេញពួកប៉ុលពត........រត់លោតច្រាល់ច្រាស.កម្មពៀរលឿនណាស់
....................មកប៉ះវាម្ដង។
២៧.សីហ សំផន........ប៉ុលពត ប៊ុនគន.........គ្រប់បនយង់ឃ្នង
គេចចូលក្នុងព្រៃ........ព្រួយភ័យកន្លង..........បានចិនជាខ្នង
....................ជួយយោងជីវិត។
២៨.សឺនសេន អ៊ឹងជឿន..សារី ជួនជឿន........ជាភឿនសមមិត្ត
បានរស់ព្រោះចិន-......ប្រជាមានិត្យ.......ជួយដោយសុទ្ធចិត្ត
....................ឥតគិតប្រាក់កាស់!។
២៩.ចិនជួយអាវុធ.......ឱយមិត្តប្រយុទ្ធ........កុំស្លុតរត់ផ្ដាស់
តែទ័ពយួនខ្លាំង.......បានច្បាំងវ៉ៃឈ្នះ....ខ្មែរក្រហមគេចភៀស
...................ស្លាប់ពាសពេញព្រៃ។
៣០.សីហនុ-សឺនសាន..សំផន ពួកលោកបាន....ស្ម័គ្រប្រាណចាប់ដៃ
រួបរួមសាមគ្គី.........ភាគីទាំងបី...................ប្រយុទ្ធតដៃ
...................ព្រួតវ៉ៃទ័ពយួន។
៣១.សង្គ្រាមយូរទៅ..ស្លាប់តែញាតិផៅ........កូនចៅជាតិខ្លួន
ភាគីទាំងបី...........ប្រឹងវ៉ៃទ័ពយួន............ខ្មែរស្លាប់ទេស្ងួន
...................ពួកយួនហូរហៀ។
៣២.សន្និសិទ PARIS..ចតុភាគី......................ជួបពិភក្សា
ដោយអន្តរជាតិ......សម្ពាធសុំថា..............សូមឈប់ប្រេះឆា
...................ប្រហារគ្នាទៀត។
៣៣.ភាគីទាំងអស់.....ចូលតុពិគ្រោះ.........ដោះស្រាយខ្មីឃ្មាត
យល់ព្រមឈប់ច្បាំង...តតាំងពិឃាត............ដោយសារសម្ពាធ
..................អន្តរជាតិផងណា៎។
៣៤.ទសវត្សកៅបី..នៅក្នុងទឹកដី..................បុរីកម្ពុជា
មានលិទ្ធិថ្មី.......សេរីភាពស្មើគ្នា.........រាស្ត្ររើសបក្សណា
.................ស្រេចណា៎លើរាស្ត្រ។
៣៥.ក្រោយមកសភា..មូលមតិគ្នា.............ជូនងារស្ដេចខ្មែរ
លើកទ្រង់សោយរាជ្យ.រាជបល្ល័ង្កខ្មែរ.........ទ្រង់សប្បាយទ្វេ
..................សមទេ!ខេមរា។
៣៦.សីហដាក់រាជ្យ...ថ្វាយបុត្រសោយរាជ្យ..មានប្រាជ្ញជ្រះថ្លា
ថ្វាយសីហមនី.......ជាទីស្នេហា...................របស់មេបា
..................មហាក្សត្រខ្មែរ។
៣៧.ដៀលរាស្ត្រក្បត់ជាតិ..សីហលបឆ្លៀត.....ជួយជាតិយួនវេ
អ្នកណា៎ក្បត់ជាតិ!!!..ពិឃាតរាស្ត្រខ្មែរ!..បក្សស្ដេចមែនទេ!!!
...................ស្ដេចខ្មែរគ្មានកំហុស!!!៕
តែងនូវឆ្នាំ២០០៧ដោយៈ ផាត់រឿន
-រជ្ជកាលសម្ដេចសីហនុៈ
.សម្ដេចសីហនុបានឡើងសោយរាជ្យនូវថ្ងៃទី២៤ខែមេសាឆ្នាំ១៩៤១។
.សម្ដេចបានដាក់រាជ្យនូវថ្ងៃទី៣ខែមិនាឆ្នាំ១៩៥៥។
.សីហនុដឹកនាំរាជរដ្ឋាភិបាលខ្មែរចាប់ពីឆ្នាំ១៩៦០ រហូតដល់ថ្ងៃទី១៧មេសា
ឆ្នាំ១៩៧០។
.សម្ដេចសីហនុជាប្រជាមុខរដ្ឋនៃរដ្ឋកម្ពុជាប្រជាធិបតេយ្យ(មេខ្មែរក្រហម)
រហូតដល់ថ្ងៃទី២មេសាឆ្នាំ១៩៧៦។
.សម្ដេចសីហនុជាប្រធានរដ្ឋាភិបាលចម្រុះត្រីភាគី ពីឆ្នាំ១៩៨២រហូតដល់
ឆ្នាំ១៩៨៩។
.សម្ដេចសីហនុបានយាងចូលប្រទេសកម្ពុជានូវថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ១៩៩១
រហូតដល់ថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ១៩៩៣ ជាប្រមុខរដ្ឋស្ដីទី។
.សម្ដេចសីហនុបានឡើងសោយរាជ្យនូវថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ១៩៩៣
រហូតដល់ថ្ងៃទី៧តុលាឆ្នាំ២០០៤។
.សម្ដេចសីហនុបានដាក់រាជ្យនូវថ្ងៃទី៧ខែតុលាឆ្នាំ២០០៤។
.សីហមនីបានឡើងស្នងរាជ្យបន្តនូវថ្ងៃទី១៤ខែតុលាឆ្នាំ២០០៤។

Aucun commentaire:

Enregistrer un commentaire